រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញស្នើឱ្យប្រជាពលរដ្ឋសន្សំសំចៃក្នុងការប្រើប្រាស់ទឹកក្នុងអំឡុងរដូវប្រាំងនេះ


1069
Date | 19-03-2021 - 11:12 AM Article Type | Stock Markets Region | Asia

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PPWSA) បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងទីក្រុងឱ្យមានការសន្សំសំចៃក្នុងការប្រើប្រាស់ទឹកដើម្បីឱ្យទឹកស្អាតអាចទៅដល់ពលរដ្ឋដែលរស់នៅជាយក្រុងដែលកំពុងជួបប្រទះបញ្ហាសម្ពាធទឹកទាបដែលអាចនាំឱ្យមានការខ្វះខាតទឹកស្អាតក្នុងការប្រើប្រាស់។


រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានឲ្យដឹងថាថាប្រជាជនជាង ៤ ម៉ឺនគ្រួសារនៅក្នុងតំបន់ភាគខាងលិចនៃទីក្រុងនឹងជួបប្រទះបញ្ហាកង្វះទឹកស្អាតដោយសារបញ្ហាសម្ពាធទឹកទាបក្នុងរដូវប្រាំងនេះ ខណៈដែលតំបន់ដែលរងផលប៉ះពាល់ទាំងនោះរួមមានសង្កាត់កំបូល សង្កាត់ភ្លើងឆេះរទេះ សង្កាត់ឃ្មួញ សង្កាត់ក្រាំងធ្នង់ សង្កាត់គោករកា សង្កាត់កន្ទោក សង្កាត់ស្នោរ សង្កាត់ត្រពាំងក្រសាំង និងសង្កាត់សំរោងក្រោមជាដើម។

សេចក្តីជូនដំណឹងបានបញ្ជាក់ថារដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនៅតែដំណើរការ បម្រើសេវាជូនអតិថិជនរបស់ខ្លួនក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ២៤ម៉ោង/២៤ម៉ោង និងជារៀងរាល់ថ្ងៃ។


ម្យ៉ាងទៀត ទោះបីជានៅរដូវប្រាំងនេះកំពស់ទឹកទន្លេបានស្រកចុះទាបជាងសព្វដងក៏ដោយ ការផលិតទឹក និងការប្រើប្រាស់ទឹកនៅមានអតុល្យភាព ដូចលោកអ្នកបានជ្រាបស្រាប់ អាចមានការខុសគ្នានៃសំពាធទឹកខ្លាំង ឬខ្សោយ នៅពេលដែលអតិថិជនសម្រុកប្រើប្រាស់ក្នុងពេលតែមួយ បានន័យថា សេចក្ដីត្រូវការលើសពីសមត្ថភាពនៃការផ្គត់ផ្គង់ ដែលធ្វើឲ្យសំពាធទឹក នៅតាមតំបន់ជាយក្រុងនឹងបន្តធ្លាក់ថមថយ ចុះជាងពេលមុន ឬខ្វះទឹកប្រើប្រាស់នៅតំបន់ជាយក្រុងខ្លះ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបន្តថា៖ «ដោយសារតែតម្រូវការទឹកកើនឡើង និងកំណើននៃវិស័យសំណង់ និងសេដ្ឋកិច្ចនោះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញកំពុងសាងសង់រោងចក្រផលិតទឹកថ្មីៗនិងពង្រីកការងារដាក់បំពង់មេចែកចាយទឹកបន្ថែមទៀត ដើម្បីបំពេញតំរូវការនៃគោលនយោបាយវិស័យទឹកស្អាត។ គោលនយោបាយនោះមានគោលបំណងដើម្បីធានាឲ្យបាននូវការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជូនប្រជាពលរដ្ឋគ្រប់រូប ១០០ ភាគរយ នៅតាមទីប្រជុំជនត្រឹមឆ្នាំ ២០២៥ តទៅ»។

កាលពីដើមខែកុម្ភៈកន្លងទៅ ក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ជាយក្រុងភ្នំពេញ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជំរុញឱ្យមានការបង្កើនការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកធំជាងគេនៅកម្ពុជាដើម្បីឆ្លើយតបនឹងតម្រូវការទឹកស្អាតនៅភ្នំពេញ។

លោកនាយករដ្ឋមន្រ្តីបន្តថារាជធានីភ្នំពេញប្រឈមនឹងកង្វះទឹកស្អាត ខណៈដែលតម្រូវការទឹកស្អាតមានចំនួន ៧៥៦,០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ហើយរោងចក្រប្រព្រឹត្តិកម្មទឹកអាចផ្គត់ផ្គង់បានតែ ៦៥០ ០០០ ម៉ែត្រគូបប៉ុណ្ណោះ។

លោកបន្ថែមថាជិត ៤ ម៉ឺនគ្រួសារស្មើនឹង ១២ ភាគរយនៃចំនួនប្រជាជននៅរាជធានីភ្នំពេញជួបប្រទះបញ្ហាប្រើប្រាស់ទឹកដែលរួមទាំងសម្ពាធទឹកទាបជាដើម។


លោកបន្តថាបញ្ហាទាំងនេះបានកើតឡើងនៅរដូវប្រាំងឆ្នាំ ២០២០ ហើយអាចនឹងកើតឡើងម្តងទៀតនៅឆ្នាំ ២០២១ និងដើមឆ្នាំ ២០២២។ ទោះជាយ៉ាងណាក៏ដោយ លោកក៏បានកត់សម្គាល់ផងដែរថាបញ្ហាទាំងនេះអាចត្រូវបានកាត់បន្ថយតាមរយៈដំណាក់កាលទី ១ នៃការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាត។

នៅពេលដែលការសាងសង់បញ្ចប់ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងនឹងអាចផ្គត់ផ្គង់ទឹកស្អាតបានចំនួន ១៩៥,០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ខណៈដែលរោងចក្រនេះត្រូវបានរចនានិងកំពុងត្រូវបានសាងសង់ដោយក្រុមហ៊ុន Vinci Construction Grands Projets។

រោងចក្រប្រព្រឹត្តកម្មទឹកស្អាតនេះនឹងត្រូវចំណាយថវិកាចំនួន ១៩០ លានដុល្លារ ដែលទទួលបានហិរញ្ញប្បទាន​សម្បទានពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ធនាគារវិនិយោគ​អឺរ៉ុប (EIB) និងដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។

គម្រោងនេះនឹងអនុញ្ញាតឲ្យប្រជាជនចំនួន ៥១១ ០០០ នាក់អាចភ្ជាប់ទៅកាន់បណ្តាញនេះបាន​ ដែលនឹងជួយកាត់បន្ថយដល់ការចំណាយសម្រាប់គ្រួសារដែលត្រូវទិញទឹកបន្តពីអ្នកលក់ទឹកឯកជនផងដែរ។

គួរបញ្ជាក់ឲ្យដឹងផងដែរថា ការកែលម្អគុណភាពទឹកមានឥទ្ធិពលវិជ្ជមានដល់សុខភាពរបស់ប្រជាជននិងកាត់បន្ថយការចំណាយលើសុខភាពចំនួន ២៥ ភាគរយ៕



Author: PPS
Source: https://www.khmertimeskh.com/
Comment
   
Market Quotes are powered by Investing.com